៤ខែដើមឆ្នាំ២០២០អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះនិងសាងសង់សំណង់តូចតាចរបស់ប្រជាពលរដ្ឋ បានចំនួន ១១១០គ្រួសារ
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចេញផ្សាយនៅខែមេសានេះ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០ ក្រុមការងារសហគមន៍បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះនិងសាងសង់តូចតាចតាមភូមិមួយចំនួនក្នុងតំបន់ឧទ្យានអង្គរបានចំនួន ១៥២៣គ្រួសារ ហើយបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន១១១០គ្រួសារ ។
ករណីអនុញ្ញាតខាងលើបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន១១៤គ្រួសារ ស្រុកអង្គរធំចំនួន៧៥គ្រួសារ ស្រុកពួកចំនួន ២៥៥គ្រួសារ ស្រុកបន្ទាយស្រីបានចំនួន ៤៩៧គ្រួសារ និងក្រុងសៀមរាបចំនួន ១៦៩គ្រួសារ។
សូមបញ្ចាក់ថា ក្រុមការងារសហគមន៍បានចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។
ចំពោះប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយមាន៖
១.ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ប្តូរជញ្ចាំង ប្តូរសសរ ប្តូរសំយ៉ាប ជួសជុលជណ្តើរ ជួសជុលរបងមានស្រាប់ បន្ទប់ក្រោមផ្ទះ។
២.សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូបឬរោងលក់ដូរមុខផ្ទះ។
៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។ រាល់ការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ៕SP